ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០១១ ខេត្តរតនគិរី ៖ ស្ថិតនៅភូមិភាគ|សាននៃប្រទេសកម្ពុជា មានចំងាយ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះមានទីក្រុងឈ្មោះក្រុងបានលុង និងស្រុកចំនួន៨ គឺស្រុកអូរជុំ, វ៉ឺនសៃ, លំផាត់, កូនមុំ, តាកែវ, បរកែវ, អណ្តូងមាស និងស្រុកអូរយ៉ាដាវ។ ខេត្តនេះមានប្រជាជនសរុបចំនួន១៥០.៤៦៦នាក់។ យោងតាមធ្វើការជំរឿនឆ្នាំ២០០៨ គ្របដណ្តប់លើផ្ទៃដីចំនួន១០.៧៨២ម៉ែត្រការ៉េ។ ខេត្តរតនគិរីជាតំបន់ដែលសំបូរទៅដោយរតនៈសម្បត្តិធម្មជាតិប្រកបដោយភាពស្រស់បំព្រង ហើយក៏ជាភូមិកំណើតនៃជនជាតិដើមភាគតិចជាច្រើនអំបូរ មានដូចជាជនជាតិទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវែត កាចក់ ព្នង និងលន់។ ការធ្វើទេសចរណ៍អាចស្វែងយល់ និងទស្សនាដោយផ្ទាល់នូវទំនៀមទម្លាប់ប្រពៃណីរស់នៅប្រចាំថ្ងៃ ការគោរពបូជា និងជំនឿផ្សេងៗទៅតាមអំបូរនៃជនជាតិភាគតិចរៀងៗខ្លួន។ ទីរួមខេត្តរតនគិរី គឺក្រុងបានលុង ស្ថិតនៅតំបន់ខ្ពង់រាប ព័ទ្ធជុំវិញទៅដោយជ្រលងភ្នំ ទឹកធ្លាក់ និងបឹងធម្មជាតិ ដែលក្លាយមកពីបន្ទុះភ្នំភ្លើងតាំងពីច្រើនសតវត្សមកហើយ។ ប្រជាជនរស់នៅក្នុងទីក្រុងនេះសរុបចំនួន១៩.៤១២នាក់ រាប់បញ្ចូលទាំងជនជាតិដើមភាគតិច ដែលរស់នៅជុំវិញក្រុងបានលុងផង។ ក្នុងទីរួមខេត្តមានសំណង់ចាស់ៗប្រមាណ៩០% នៅក្រុងបានលុង ត្រូវបានសាងសង់ថ្មីទាំងអស់បន្ទាប់ពីការដួលរំលំនៃរបបប៉ុលពត។ នៅចំកណ្តាលក្រុងមានផ្សារមួយឈ្មោះផ្សារបានលុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ធំរបស់ខេត្តនេះ។ រាល់ផលិតផលក្នុងស្រុកដូចជាផ្លែឈើ បន្លែ ត្រី សាច់ សំភារប្រើប្រាស់ដែលផលិតដោយអ្នកស្រុក រួមទាំងអនុផលព្រៃឈើមួយចំនួនផ្សេងទៀតក៏មានលក់នៅទីនោះផងដែរ។ នៅក្នុងផ្សារបានលុងរាល់កសិផលសុទ្ធសឹងជាកសិផលធម្មជាតិដាំដុះដោយគ្មានការប្រើប្រាស់ជីគីមីនោះទេ លើកលែងតែផលិតផលខ្លះដែលនាំចូលពីរាជធានីភ្នំពេញ។ តាំងពីព្រឹកព្រលឹមស្រាងៗ ផ្សារនេះបានចាប់ផ្តើមសកម្មភាពមមាញឹករបស់ខ្លួនរវាងអតិថិជន និងអ្នកលក់ដូរ ភាគច្រើនគឺបងប្អូនជនជាតិដើមភាគតិចទាំងនោះបានស្ពាយផលិតផលរបស់ខ្លួនសំរាប់លក់ឱ្យអតិថិជនទូទៅ។ វាគឺជាអនុស្សាវរីយ៍ដ៏ប្រសើរមួយសំរាប់ភ្ញៀវទេសចរទាំងឡាយដែលបានទៅទស្សនាថ្ងៃរះនៅលើកំពូលភ្នំស្វាយ បន្ទាប់មកបន្តដំណើរទៅទស្សនាស្វែងយល់ពីសកម្មភាពលក់ដូរនៅឯផ្សារបានលុង។ រៀងរាល់ពេលព្រឹក គេបានឃើញសកម្មភាពអ៊ូអែមមាញឹករវាងកសិករ និងពាណិជ្ជករទិញលក់ទំនិញ។ ផលិតផលមួយចំនួនដែលមានលក់នៅទីនោះគឺប្លែក ហើយក៏ពុំមានលក់នៅលើទីផ្សារដទៃទៀតដែរ។ ផលិតផលតាមបែបធម្មជាតិនៅផ្សារបានលុងមានតំលៃទាបជាងទីផ្សារផ្សេងៗនៅក្នុងប្រទេស។ នៅក្រុងបានលុងមានសណ្ឋាគារចំនួន៦ដែលសរុបចំនួន២២៧បន្ទប់ និងផ្ទះសំណាក់ចំនួន២១មាន៣៧៨បន្ទប់ សំរាប់ភ្ញៀវទេសចរស្នាក់នៅ។ ចំណែកឯភោជនីយដ្ឋានមានចំនួន១៤ ដែលអាចបំរើសេវាកម្មម្ហូបអាហារបានច្រើនប្រភេទតាមតំរូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ យោងតាមរបាយការណ៍នៃមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា រមណីយដ្ឋានធម្មជាតិដែលមាននៅក្នុងខេត្តរតនគិរី មានចំនួនរហូតដល់១១កន្លែង សរុបទាំងឧទ្យានជាតិវីរៈជ័យ និងជំរកសត្វព្រៃលំផាត់ផងដែរ។ ហើយរមណីយដ្ឋាននីមួយៗមានទេសភាព និងរឿងរ៉ាវប្រវត្តិព្រេងនិទានខុសៗគ្នា ដូចជានៅបឹងយក្សឡោមជាដើម។ ១-រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម ៖ បឹងយក្សឡោម ជារមណីយដ្ឋានធម្មជាតិជាទីគួរឱ្យចាប់អារម្មណ៍បំផុត ស្ថិតនៅលើតំបន់ខ្ពង់រាបនៃខេត្តរតនគិរី។ បឹងនេះមានប្រវែងប្រមាណជាង៨០០ម៉ែត្រ និងជំរៅ៤៨ម៉ែត្រ ទៅ៥០ម៉ែត្រ កើតឡើងដោយបន្ទុះភ្នំភ្លើងជាច្រើនសតវត្សមកហើយ។ បច្ចុប្បន្នទីនោះមានសភាពស្ងប់ស្ងាត់នៅកណ្តាលទ្រូងព្រៃ ប្រៀបបានជាទីឋានដ៏សុខសាន្តសំរាប់ពពួកសត្វព្រៃ និងអ្នកទេសចរទាំងឡាយដែលស្វែងរកភាពស្ងប់ស្ងាត់ ឬក៏និយមរករមណីយដ្ឋានទេសចរណ៍ថ្មីបំផុត។ បឹងនេះប្រៀបបាននឹងមេដែកឆក់សំរាប់ស្រូបទាញអង្រួនបេះដូងភ្ញៀវទេសចរចាប់អារម្មណ៍កាន់តែខ្លាំង ដោយខានពុំបាន ខណៈដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរកំសាន្តទៅដល់ខេត្តរតនគិរីនេះ។ ទឹកបឹងដែលជានិច្ចកាលត្រជាក់ ថ្លាយុង ឆ្លុះពណ៌ជាមួយព្រៃឈើខៀវស្រងាត់ដែលព័ទ្ធជុំវិញមាត់បឹងនោះ ហើយអមដោយសំឡេងបក្សាបក្សីស្រែកយ៉ាងគ្រលួច។ បឹងយក្សឡោមបានក្លាយជាគោលដៅសំរាប់ភ្ញៀវទេសចរមុជទឹកហែលកំសាន្តអារម្មណ៍បំបាត់ក្តីកង្វល់។ នៅពេលដើរ ឬជិះកង់ ទស្សនាកំសាន្តនៅទេសភាពស្រស់ត្រកាលព័ទ្ធជុំវិញមាត់បឹង ដែលពេលខ្លះអាចឱ្យគេពើបប្រទះសត្វបក្សាបក្សី ឬសត្វព្រៃផ្សេងៗទៀត។ ជនជាតិដើមភាគតិចមានជំនឿថា ទឹកបឹងជាព្រលឹងវិញ្ញាណ ដែលពួកគេទាំងអស់គ្នាតែងតែគោរពបូជា និងធ្វើការបន់ស្រន់សុំឱ្យវត្ថុស័ក្តិសិទ្ធិនោះការពារដល់ពួកគេ និងទឹកដីបព្វបុរសផងខ្លួនឱ្យនៅគង់វង្សជានិច្ច។ ប្រជាជនខ្លះបានផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវការលក់ដូរវត្ថុអនុស្សាវរីយ៍ ផលិតផលសិប្បកម្ម កសិកម្មជាច្រើនមុខ ដែលផលិតដោយជនជាតិដើមភាគតិចនៅមូលដ្ឋាននោះតែម្តង។ បឹងយក្សឡោម ជាបឹងធម្មជាតិស្អាតអស្ចារ្យមួយមានទីតាំងក្នុងសង្កាត់យក្សឡោម ក្រុងបានលុង មានចំងាយ៥គីឡូមែ៉ត្រស្ថិតនៅខាងកើតក្រុងបានលុង។ មានរឿងព្រេងមួយចំនួនទាក់ទងនឹងបឹងយក្សឡោមនេះ ហើយរឿងព្រេងត្រូវបាននិទានតៗគ្នាដោយប្រជាជននៅមូលដ្ឋានបានដំណាលដូចតទៅ ៖ កាលពីព្រេងនាយមានស្តេចយក្សមួយអង្គ មានប្ញទ្ធានុភាពអំណាចខ្លាំងអស្ចារ្យណាស់ ស្តេចយក្សនោះមានបុត្រីដ៏ស្រស់ស្អាតមួយអង្គ ទាំងសក់ និងរាងកាយរបស់បុត្រីនេះតែងតែសាយភាយក្លិនក្រអូបជាប្រចាំ ដូច្នេះស្តេចយក្សនោះដាក់ឈ្មោះបុត្រីថា ព្រះនាងសក់ក្រអូប ពេលនាងធំពេញវ័យកាលណាមានបុរសសង្ហា ហើយខ្លាំងពូកែម្នាក់មកសុំសេចក្តីស្នេហាពីនាង។ សេចក្តីស្រលាញ់ប្រតិព័ទ្ធរបស់ពួកគេកាន់តែរីកធំឡើងៗចំពោះគ្នា។ ដោយសារគូស្នេហ៍ទាំង២នេះភ័យខ្លាចស្តេចយក្សដឹងរឿងសំងាត់របស់ពួកគេនោះថ្ងៃមួយ ពួកគេទាំង២ក៏សំរេចចិត្តភៀសខ្លួនពួនអាត្មាទៅកាន់ទីព្រៃបាត់ទៅ។ មិនយូរប៉ុន្មានស្តេចយក្សបានដឹងរឿងរបស់បុត្រី រួចព្រះអង្គសោកសង្រេងយ៉ាងខ្លាំង។ បន្ទាប់មកព្រះអង្គក៏កោះប្រជុំកងទ័ពយក្សទាំងអស់ដើម្បីស្វែងរកបុត្រីសំលាញ់ចិត្តនៅក្នុងអាណាចក្រព្រះអង្គទាំងមូល។ ក្នុងព្រៃភ្នំទាំងឡាយត្រូវបានត្រួតពិនិត្យដោយកងទ័ពយក្សដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមិនបានប្រទះឃើញព្រះនាងនោះឡើយ។ ស្តេចយក្សសង្ស័យថា បុត្រីរបស់ព្រះអង្គប្រហែលជាស្ថិតនៅក្នុងព្រៃក្រាស់នោះ ជាកន្លែងបឹងយក្សឡោមសព្វថ្ងៃ ដូច្នេះព្រះអង្គបានដាក់ពង្រាយទ័ពយក្សយ៉ាងច្រើនដើម្បីឡោមព័ទ្ធ និងរុករកក្នុងបរិវេណព្រៃនោះ។ រំពេចនោះព្រះអង្គបានបញ្ជាឱ្យកងទ័ពទាំងអស់ដកដើមឈើ ហើយជីកដីនៅបរិវេណនោះយ៉ាងជ្រៅ ដើម្បីស្វែងរកបុត្រីជាទីស្រលាញ់របស់ខ្លួន។ ពេលនោះទ័ពយក្សទាំងអស់បានជីកគាស់កាយអស់ពីកម្លាំងកាយចិត្តរហូតដល់ទីនោះក្លាយជាស្រះធំក៏នៅរកមិនឃើញ ហើយបានបន្សល់ទុកជាស្រះដ៏ធំ ក្នុងខេត្តរតនគិរីសព្វថ្ងៃ។ ទាំងនោះជាហេតុផលដែលអ្នកស្រុករតនគិរីហៅថា យក្សឡោម រហូតពេលបច្ចុប្បន្នដោយក្លាយមកពីពាក្យថា "យក្សឡោមព័ទ្ធ"។ ប៉ុន្តែការនិទានរឿងតាមបែបផ្សេងទៀតពីសេចក្តីនិទានមុននេះថា ទ័ពយក្សបានព្យាយាមចាប់កូនស្រីរបស់ស្តេចយក្សដើម្បីបំបែកនាងពីគូស្នេហ៍។ ពេលនោះមេទ័ពយក្សក៏បានបញ្ជាឱ្យកងទ័ពយក្សឡោមព័ទ្ធជុំវិញភ្នំជាទីដែលគូស្នេហ៍ទាំង២លាក់ខ្លួន ឯគូស្នេហ៍នោះគិតថាគ្មានផ្លូវនឹងគេចខ្លួនឡើយ ហើយពួកគេទាំង២បានសំរេចចិត្តប្រាថ្នាឱ្យព្រះធរណីស្រូប ដើម្បីបញ្ជាក់ពីសេចក្តីស្នេហាបរិសុទ្ធស្មោះត្រង់របស់ពួកខ្លួន។ គូស្នេហ៍ទាំង២បានចាប់ផ្តើមបន់ស្រន់ដល់អ្នកតាព្រៃភ្នំ ព្រះមុនីឥសី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយថា យើងទាំង២សូមបូជាជីវិតដល់វត្ថុស័ក្តិសិទ្ធិដែលរក្សាទឹកដីនេះ សូមឱ្យលោកជួយឱ្យទីនេះលិចចុះទៅក្នុងព្រះធរណីចុះ ដើម្បីកុំឱ្យគេបំបែកចេញពីគ្នា។ រំពេចនោះតំបន់ភ្នំនេះក៏ស្រុតលិចចុះទៅក្រោមព្រះធរណីយ៉ាងឆាប់រហ័សនាំយកគូស្នេហ៍នោះទៅជាមួយដូចបំណងប្រាថ្នា។ ហេតុនេះទើបអ្នកស្រុកហៅស្រះនោះថា យក្សឡោម មកពីពាក្យកាត់របស់ពាក្យកងទ័ពយក្សឡោមព័ទ្ធនោះឯង។ មានការពន្យល់ប្រភេទឈ្មោះយក្សឡោមមួយផ្សេងទៀតពីរឿងខាងលើ ហើយគួរឱ្យយកជាការណ៍បាននិទានថា ពាក្យ "យក្ស" នៅក្នុងភាសាជនជាតិដើមភាគតិចនៅទីនោះ មានន័យថា ជាប្រធានភូមិ មេកន្ទ្រាញ ឬម្ចាស់ភូមិ។ ឯពាក្យថាឡោម គឺមានន័យថា ជាឈ្មោះរបស់មនុស្ស ដែលជាប្រធានភូមិ អ្នកគ្រប់គ្រងនៅតំបន់នោះ។ ព្រោះហេតុដូច្នេះពាក្យថាយក្សឡោម គឺជាការរំលឹកគោរពប្រតិបត្តិដល់ព្រលឹង ឬវិញ្ញាណខន្ធនៃមេដឹកនាំជំនាន់មុនរបស់ពួកគេមានឈ្មោះថា "ឡោម" ដែលធ្លាប់គ្រប់គ្រងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅតំបន់ជុំវិញបឹងនោះឱ្យរស់នៅក្នុងសុភមង្គល និងភាពសុខសាន្ត។ ទើបបានក្លាយទៅជាការទម្លាប់ហៅថា បឹងយក្សឡោម ហើយក៏បានក្លាយទៅជារមណីយដ្ឋានមួយដែលសំបូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តក្នុងរដូវបុណ្យប្រពៃណីជាតិ ឬក្នុងដំណើរកំសាន្តចុងសប្តាហ៍ចំរុះជាតិសាសន៍ច្រើនកុះករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ២-រមណីយដ្ឋានទឹកជ្រោះចាអ៊ុង ៖ ៣-រមណីយដ្ឋានទឹកជ្រោះកាចាញ ៖ ថ្ងៃ អាទិត្យ ទី ២៣ ខែ មករា ឆ្នាំ ២០១១ ៨-រមណីយដ្ឋានទឹកជួរតាតៃ ៖ ៩-រមណីយដ្ឋានវាលថ្មរំផ្លង់ ៖ ដោយការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីរបស់ខ្លួន ប្រជាជនកុលសម្ព័ន្ធភ្នំទាំងឡាយបានដឹងនិងស្គាល់ទាំងអស់អំពីពិធីបុណ្យរំផ្លង់ ហើយនិងទីកន្លែងរៀបចំពិធី ។ មូលហេតុនោះហើយដែលប្រជាជនកុលសម្ព័ន្ធភ្នំមូលដ្ឋាន និងប្រជាជនខ្មែរនៅទីនោះហៅថា វាលរំផ្លង់រហូតមកដល់បច្ចុប្បន្ន និងជាទីកំសាន្តទេសចរណ៍នារដូវបុណ្យទានទាំងភ្ញៀវជាតិ និងអន្តរជាតិ ។ ១០-ឧទ្យានជាតិវីរជ័យ ៖ ព្រៃឈើដ៏ធំល្វឹងល្វើយ វាលស្មៅយា៉ងច្រើន ជួរភ្នំ និងជ្រលងភ្នំ សុទ្ធសឹងតែជាប្រធានបទដ៏ធំមួយដែលបន្សល់ទុកនូវការស្រាវជ្រាវសំរាប់មនុស្សផងទាំងពួង។ ក្រៅពីនេះ នៅមានប្រភេទសត្វជាច្រើនទៀតដែលគេពុំធ្លាប់បានស្រាវជ្រាវ។ ក្រុមអ្នកអភិរក្សឧទ្យាននេះ ក៏បានប្រទះឃើញនូវហ្វូងសត្វដំរី ខ្លាធំ និងអំបូរមំសាសត្វជាច្រើនប្រភេទទៀត រួមទាំងសត្វប្រភេទខ្លះកំពុងប្រកាសអាសន្នថា វានឹងឈានទៅដល់ការបាត់បង់នៅក្នុងលោកយើងនេះក៏មាន ។ នៅក្នុងឧទ្យាជាតិវីរជ័យ លោកអ្នកអាចនឹងបានឃើញនូវសត្វជាច្រើនប្រភេទរួមទាំងដំរី ខ្លា និងខ្លាឃ្មុំផង ។ បន្ថែមលើសពីនោះទៀត នៅក្នុងឧទ្យានជាតិវីរជ័យនេះក៏ជាផ្ទះសម្បែងរបស់បងប្អូនជនជាតិដើមភាគតិច ប្រមាណ១.៥០០គ្រួសារ កំពុងរស់នៅទីនេះផងដែរ ។ អ្នកទេសចរទាំងឡាយ អាចនឹងបានឃើញអំពីប្រពៃណីទំនៀមទំលាប់ ជំនឿផ្សេងៗ និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេមិនខាន ហើយអ្វីដែលអាចមើលឃើញយ៉ាងច្បាស់ក្រឡែតនោះ គឺស្លាកស្នាមនៃសង្គ្រាមរវាងវៀតណាម និងអាមេរិកនៅទីនោះ ។ ១១-ជំរកសត្វព្រៃលំផាត់ ៖ យោងទៅតាមការសិក្សាស្រាវជ្រាវដោយអង្គការ WWF ក្នុងឆ្នាំ២០០១ បានឱ្យដឹងថា ព្រៃនេះមានប្រភេទថនិកសត្វតូចធំជាច្រើន មានសត្វបក្សាបក្សីប្រហែលជា១០០ប្រភេទ នៅទីនោះរួមមានទាំងរុក្ខជាតិតូចធំរាប់រយប្រភេទ និងតំបន់ទឹកធ្លាក់ជាច្រើនកន្លែងផងដែរ ។ ក្រៅពីផ្តល់ជំរកសត្វព្រៃជាច្រើនប្រភេទហើយ ទីឋានដ៏ពិសិដ្ឋនេះក៏ជាលំនៅឋានរបស់គ្រួសារជនជាតិដើមភាគតិចជាង១០០គ្រួសារនៅទីនោះផងដែរ ដែលភាគច្រើនជាជនជាតិដើមភាគតិចព្នង។ ពួកគាត់រស់នៅដោយពឹងផ្អែកលើធនធានធម្មជាតិក្នុងឧទ្យាននេះទាំងស្រុង ដែលប្រមូលអនុផលពីព្រៃឈើមួយចំនួនដូចជាជ័រ វល្លិ ផ្តៅ តិណ ជាតិ និងផលានុផលព្រៃឈើដទៃទៀត សំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់ ។
ទឹកជ្រោះចាអ៊ុង ស្ថិតនៅជាយម្ខាងនៃខ្ពង់រាបនៃជួរភ្នំស្វាយ ក្នុងទឹកដីចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ មានចំងាយប្រមាណ៩គីឡូម៉ែត្រទិសពាយ័ព្យ ពីក្រុងបានលុង។ ទឹកជ្រោះនេះមានកំពស់ទឹកធ្លាក់រហូតដល់២៥ម៉ែត្រ ហើយនៅជុំវិញមានដើមឈើតូចធំ និងវល្លិ៍ដុះជុំវិញជាច្រើនស្អេកស្អះជាមួយនឹងទឹកដែលកំពុងហូរធ្លាក់។ ទស្សនីយភាពដ៏អស្ចារ្យ គឺស្រស់ស្អាតដូចនៅក្នុងគំនូរចំហាយទឹកចេញពីខ្សែទឹកធ្លាក់ បង្កើតបានជាខ្យល់សំនើមមានពណ៌ដូចអ័ព្ទនៃទឹកសន្សើម ដែលជាប្រភពផ្គត់ផ្គង់ដល់ការដុះរីកលូតលាស់នៃរុក្ខជាតិគ្រប់ប្រភេទនៅទីនេះ។ នៅពេលខ្លះដោយសារបានចំណាំងកាំរស្មីព្រះអាទិត្យ ចាំងកាត់ខ្សែទឹក និងចំហាយទឹកនោះក៏បង្កើតបានឆពណ្ណរង្សីដូចឥន្ទធនូឡើង។ បច្ចុប្បន្នសហគមន៍ទើបសាងសង់ជណ្តើរថ្មធំមួយ ដើម្បីសំរួលដល់ការចុះឡើងរបស់ភ្ញៀវទេសចរដែលមានបំណងចុះទៅដល់បាតជ្រោះដែលទឹកហូរធ្លាក់ចុះទៅដ៏ជ្រៅសន្លឹមនោះ។ នៅឯបរិវេណខាងលើនៃទឹកធ្លាក់ចាអ៊ុងនេះក៏មានអ្នកស្រុកលក់ដូរចំណីអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាច្រើនសំរាប់ភ្ញៀវទេសចរដែរ។ នៅខាងក្រោយខ្សែទឹកធ្លាក់មានរូងថ្មដ៏ធំដែលអាចឱ្យទេសចរគ្រប់រូបដើរចូលទៅក្នុង ហើយមើលទិដ្ឋភាពទឹកធ្លាក់ និងទេសភាពក្នុងជ្រោះល្អខុសប្លែកពីធម្មតា។
ទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង មានចំងាយប្រមាណ៦គីឡូម៉ែត្រពីក្រុងបានលុង។ វាគឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ តែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្តាលព្រៃភ្នំភ្ជាប់ដោយអូរ និងចំការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ដើម្បីគយគន់សំរស់ដ៏ត្រកាលនៃទឹកធ្លាក់នេះឱ្យកាន់តែប្លែក ចំឡែកអារម្មណ៍នោះគឺទេសចរទាំងអស់ត្រូវចុះតាមជណ្តើរឈើប្រមាណ៧២កាំ ទៅក្រោម ឬដើរកំសាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខ...
តាតៃ គឺជាទីកន្លែងដែលមានល្បាក់ទឹកជួរហូរជ្រែកតាមចន្លោះថ្មដា ស្រស់ត្រកាលស្ថិតនៅតាមបណ្តោយទន្លេស្រែពក ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ មានចំងាយប្រហែល៣៤គីឡូម៉ែត្រ ខាងត្បូងក្រុងបានលុង ។
ទឹកជួរតាតៃ តែងតែបង្ហាញភាពទាក់ទាញរបស់ខ្លួននៅរដូវប្រាំងចាប់ពីខែកុម្ភៈដល់ខែមេសា។ នាអំឡុងពេលនេះ គឺគេអាចលេងកំសាន្តជាមួយនឹងទឹកដ៏ថ្លាឈ្វេងហូរកាត់តាមចន្លោះផ្ទាំងថ្មតូចធំ និងឆ្នេរខ្សាច់ ហើយនៅតាមវាលដែលមានល្បាក់ទឹកជួរហូរកាត់នោះក៏សំបូរទៅដោយកូនព្រៃរុក្ខជាតិលិចទឹកដែរ ។ ដោយមានបណ្តោយ២ទៅ៣គីឡូម៉ែត្រ ល្បាក់ទឹកជួរតាតៃក៏ផ្តល់ជាកន្លែងដ៏ប្រសើរមួយសំរាប់ការស្ទូចត្រីលេងកំសាន្តនៅត្រង់ចំណុចស្ងាត់ៗខ្លះ ។ ក្នុងពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ និងចូលឆ្នាំចិន ល្បាក់ទឹកនេះជាកន្លែងដ៏ល្អពិសេសមួយសំរាប់អ្នកទេសចរក្នុងស្រុកដែលនិយមធ្វើដំណើរកំសាន្តវិលល្ងាចពីទីរួមខេត្តទៅកាន់ទីនោះ ដើម្បីទទួលទានអាហារវេចខ្ចប់នៅតាមរមណីយដ្ឋាន ឬហៅថាភិចនិច រួចចុះមុជទឹក និងហែលទឹកលេងកំសាន្តយ៉ាងត្រជាក់ចិត្ត។
បើឆ្លងទៅត្រើយម្ខាងនៃទន្លេស្រែពក និងកន្លែងទឹកជួរ ទីនោះគឺជាសហគមន៍ដ៏ធំរបស់បងប្អូនជនជាតិឡាវ និងខ្មែររស់នៅយ៉ាងសុខដុមរមនា ។ ភាគច្រើនគេប្រើប្រាស់ពីរភាសា គឺ ភាសាខ្មែរ និងភាសាឡាវ ពួកគេជាកសិករ និងជាអ្នកនេសាទ ហើយក៏ជាអ្នកប្រមូលអនុផលព្រៃឈើ ដើម្បីរកកំរៃចិញ្ចឹមជីវិតផងដែរ ។
វាលថ្មរំផ្លង់ ជារមណីយដ្ឋានអេកូទេសចរណ៍គួរឱ្យទាក់ទាញមួយ ជាដែនដីប្រពៃណីនៃសហគមន៍កុលសម្ព័ន្ធភ្នំរស់នៅទីនោះ។ នៅលើវាលនោះមានស្មៅ និងមានរុក្ខជាតិព្រៃដែលមានផ្ការីកស្គុសស្គាយនារដូវវស្សាចាប់ពីខែឧសភា ដល់ខែមករា ។ នៅក្បែរនោះមានអូរតូចមួយមានទឹកថ្លាឈ្វេងជានិច្ច និងជួនកាលហូរផង ហើយបានជាដាក់ឈ្មោះថា «វាលថ្មរំផ្លង់» ដោយយកតាមឈ្មោះកូនមេកន្ទ្រាញកុលសម្ព័ន្ធភ្នំ ដែលរស់នៅជុំវិញតំបន់នោះ។ យោងទៅតាមរឿងព្រេង គឺជាយូរលង់មកហើយ វាលថ្មរំផ្លង់ជាវាលថ្មដាធម្មជាតិ ដែលពួកកុមារជនជាតិដើមភាគតិចនិយមទៅលេងរួមទាំងកូនមេកុលសម្ព័ន្ធក្នុងតំបន់ និងនិយមទៅបង្ហោះខ្លែងលេងផងដែរ ។
ថ្ងៃមួយកុមារឈ្មោះ «រំផ្លង់» ដែលជាកូនប្រធានកុលសម្ព័ន្ធភ្នំនៅមូលដ្ឋាននោះក៏មកលេងបង្ហោះខ្លែងតាមធម្មតា នៅពេលនោះ ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង ហើយធ្វើឱ្យដាច់ខ្សែខ្លែងរបស់កុមាររំផ្លង់នោះ រសាត់ទៅធ្លាក់ទើរលើចុងស្រឡៅដ៏ធំសែនខ្ពស់ ។ កុមាររំផ្លង់មិនសប្បាយចិត្តចំពោះវាសនានៃខ្លែងដ៏ស្រស់ស្អាតរបស់ខ្លួនឡើយ បន្ទាប់វាបានសំរេចចិត្តឡើងដើមស្រឡៅនោះ ដើម្បីទៅយកខ្លែងរបស់ខ្លួនត្រឡប់មកវិញ តែជាអកុសលនៅពេលរំផ្លង់កំពុងសួរសំដៅទៅចុងមែកស្រឡៅ ជាទីដែលខ្លែងទាក់ជាប់នៅទីនោះ ស្រាប់តែមែកនោះបាក់ ហើយរំផ្លង់ក៏ធ្លាក់មកក្រោមស្លាប់មួយរំពេច ។
សាកសពកុមាររំផ្លង់ត្រូវគេបញ្ចុះនៅទីនោះក្នុងផ្នូរតូចមួយ រីឯខ្លែងរបស់រំផ្លង់ ក៏ត្រូវបានគេដាក់តាំងនៅក្បែរផ្នូរនោះដែរ លុះចំណេរចីរកាលក្រោយមក ខ្លែងដ៏វែងស្រស់ស្អាតរបស់រំផ្លង់ក៏បានក្លាយទៅជាអូរដែលមានរហូតមកដល់សព្វថ្ងៃនេះឯង ។
ទីកន្លែង និងកាលបរិច្ឆេទនៃមរណភាពរបស់រំផ្លង់ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកុលសម្ព័ន្ធភ្នំទាំងឡាយនៅជំនាន់ក្រោយៗមកទៀត ។ ពួកកុលសម្ព័ន្ធភ្នំនៃតំបន់នោះតែងមកពីទីជុំវិញជិតឆ្ងាយទាំងអស់ ដើម្បីមកប្រារព្ធបូជាដល់ដួងព្រលឹងរបស់រំផ្លង់ ។ ពួកគេគ្រប់ៗគ្នាតែងតែនាំមកជាមួយនូវម្ហូបអាហារ ផ្លែឈើគ្រប់មុខ និងជាពិសេស គឺស្រាពាងមកកាន់កម្មវិធីនេះរាល់ៗឆ្នាំ ។ ចំណែកអង្កាមដែលជាវត្ថុធាតុដើមមួយប្រភេទសំរាប់យកមកធ្វើស្រាពាងតាមបែបប្រពៃណីជនជាតិដើមកុលសម្ព័ន្ធភ្នំ ក៏ត្រូវបានគេបាចសាចចោលនៅបរិវេណប្រារព្ធពិធីនោះ ដែលនៅក្បែរផ្នូររបស់រំផ្លង់ ។ លុះចំណេរចីរកាលក្រោយមកជាច្រើនឆ្នាំ គំនរអង្កាមក៏កាន់តែរីកធំឡើងៗរហូតក្លាយជាកូនភ្នំតូចមួយនៅទីនោះដែលបច្ចុប្បន្នប្រសិនបើយើងដើរឡើងទន្ទ្រាំលើកូនភ្នំនោះវានឹងឮសូរសំលេងខ្ទ័រ ។
ក្នុងភាពដ៏ស្រស់បំព្រងដោយព្រៃធម្មជាតិ ជួរភ្នំ ខ្ពង់រាប ជ្រលងភ្នំ និងដងអូរ ដែលអមដោយសហគមន៍ជនជាតិដើមភាគតិច និងសត្វព្រៃច្រើនប្រភេទ កំពុងតែរង់ចាំស្វាគមន៍អ្នកទេសចរនៅឯឧទ្យានជាតិវីរជ័យ ។
ឧទ្យានជាតិវីរជ័យ លាតសន្ធឹងលើផ្ទៃដី៣.៣២៥គីឡូម៉ែត្រការ៉េ ស្ថិតក្នុងស្រុកតាវែង និងស្រុកវុឺនសៃ របស់ខេត្តរតនគិរី ហើយបន្តភ្ជាប់នៅដល់ស្រុកសៀមបា៉ង ខេត្តស្ទឹងត្រែង និងស្ថិតនៅចំងាយប្រហែល៦០គីឡូម៉ែត្រ ខាងជើងក្រុងបានលុង ទីរួមខេត្តរនតគិរី ។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាម ។លើសពីនេះទៀត ឧទ្យាននេះត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាសីុផងដែរ ។ ទីនេះ គឺជាកន្លែងតែមួយគត់ដែលបន្សល់ទុកនូវភាពដើមនៃប្រព័ន្ធជីវចំរុះដោយគ្មានមនុស្សណាម្នាក់ទៅប៉ះពាល់បំផ្លិចបំផ្លាញឡើងទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាសីុអាគ្នេយ៍ វាមានដើមឈើខ្លះដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ វាលស្មៅ បក្សាបក្សីរាប់រយប្រភេទ រាប់ទាំងសត្វអង្កត់ក.ស និងក.ខ្មៅ ត្រដក់ ត្រសេះ និងពពួកថនិកសត្វជាច្រើនប្រភេទទៀត ។
ភូមិភាគឦសានរបស់ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថា ជាភូមិកំណើតនៃបងប្អូនជនជាតិដើមភាគតិចជាច្រើនអំបូរ ដែលបានរស់នៅទីនោះរាប់សតវត្សកន្លងមកហើយ ហើយពួកគាត់បន្តការរស់នៅជាមួយនឹងការដាំដុះ កសិផលជីវចំរុះ។ នៅក្នុងតំបន់នេះ ជនជាតិទើបភាគតិចព្រៅ និងកាវ៉ែត៤ទៅ៥សហគមន៍បានបន្តប្រពៃណីរស់នៅរបស់ពួកគាត់ដោយពឹងផ្អែកលើអនុផលព្រៃឈើនៃឧទ្យានជាតិវីរជ័យ។ បច្ចុប្បន្ន សហគមន៍ជនជាតិដើមទាំងនោះ បានចូលរួមយ៉ាងសស្រាក់សស្រាក់នៅក្នុងកម្មវិធីអភិរក្សឧទ្យានជាតិដ៏ធំមួយនេះ។ ប៉ុន្តែទោះបីជាឧទ្យាវីរជ័យសំបូរទៅដោយធនធានធម្មជាតិយា៉ងណាក៏ដោយចុះ ក៏កេរមរតកសោកនាដកម្មនៃសម័យសង្គ្រាមអាមេរិក និងវៀតណាម បានបន្សល់ទុកស្លាកស្នាមយ៉ាងជូរចត់ដល់តំបន់ព្រៃធម្មជាតិដ៏ធំមួយនេះដែរ។ បើយើងសង្កេតឱ្យដិតដល់នៅក្នុងឧទ្យានជាតិវីរជ័យ ក៏បានបន្សល់ទុកនូវស្លាកស្នាមផ្លូវលំហ្វជីមិញនៅទីនោះដែរ ។
ឧទ្យានជាតិវីរជ័យ ក៏ត្រូវបានគេទទួលស្គាល់ ហើយរាប់បញ្ចូលជាឧទ្យានជាតិនៃសម្បត្តិបេតិកភណ្ឌរបស់ប្រជាជាតិអាស៊ាន តាំងពីឆ្នាំ២០០៣ មកម៉្លេះ ថាជាឧទ្យានជាតិគំរូក្នុងការចែករំលែកបទពិសោធន៍នៃការអភិរក្សជីវចំរុះរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ។ តំលៃលិខិតចូលទស្សនាឧទ្យានជាតិវីរជ័យគឺ១០ដុល្លារ សំរាប់ទេសចរម្នាក់ក្នុងមួយថ្ងៃ ដោយរាប់ទាំងថ្លៃមគ្គុទេ្ទសក៏រួចជាស្រេច ។ រីឯថ្លៃស្នាក់នៅតាមផ្ទះសំណាក់សហគមន៍នោះ គឺប្រហែល៥ដុល្លារក្នុងមួយថ្ងៃ ភាគច្រើនជាភ្ញៀវអន្តរជាតិទៅទស្សនាកំសាន្តនៅទីនោះយ៉ាងច្រើន ។
លំផាត់ ជាផ្នែកមួយនៃទីឋានពិសិដ្ឋសំរាប់អភិរក្សពពួកសត្វព្រៃច្រើនប្រភេទនៃដែនជំរកសត្វព្រៃរបស់ខេត្តរតនគិរី ដែលជាទីកន្លែងគួរឱ្យចាប់អារម្មណ៍បំផុតនៃសំរស់ធម្មជាតិរបស់កម្ពុជា។ ដែនជំរកសត្វព្រៃនេះស្ថិតនៅក្នុងខេត្តភាគឦសាននៃប្រទេស គឺលាតសន្ធឹងពីតាំងពីខេត្តរតនគីរី រហូតខេត្តមណ្ឌលគិរី មានទំហំ២.២២៥គីឡូម៉ែត្រការ៉េ ហើយតំបន់នេះក៏ជារមណីយដ្ឋានទាក់ទាញអ្នកទេសចរដែរ ដោយសារសំរស់ដ៏ត្រកាលពីធម្មជាតិ ហ៊ុមព័ទ្ធដោយរុក្ខជាតិធំៗ និងជួរភ្នំ ដងអូរ ទន្លេ ដែលមានទេសភាពស្ងប់ស្ងាត់ ពីការរំខានទាំងឡាយរបស់មនុស្ស វាប្រៀបបានជាឋានសួគ៌មួយសំរាប់ពពួកសត្វព្រៃជាច្រើនប្រភេទ រួមទាំងប្រភេទសត្វដ៏កម្រជិតផុតពូជមួយចំនួននៅលើពិភពលោកនេះផង ។
តំបន់សត្វព្រៃលំផាត់មានភ្នំជាច្រើន លាយឡំដោយព្រៃ និងដីទំនាប វាលស្មៅ ស្រះ ត្រពាំង និងអូរ ដែលជាប្រភពទឹកភ្ជាប់ជាមួយទន្លេស្រែពក វាបានផ្តល់ជាជំរកដ៏ល្អវិសេសវិសាលដល់ថនិកសត្វជាច្រើនទៀត និងក៏មានសត្វបក្សាបក្សីតូចធំ ជាច្រើនរាប់រយប្រភេទរស់នៅ និងសត្វព្រៃធំៗដូចជាដំរី ក្របីព្រៃ ខ្លា ព្រមទាំងខ្លាឃ្មុំ និងពពួកឧរង្គសត្វជាច្រើនទៀតរស់នៅយ៉ាងសុខសាន្ត ។
ប្រសិនបើអ្នកទេសចរចង់ឃើញសត្វកាន់តែច្រើន គេអាចបោះជំរំនៅទីនោះរហូតដល់មួយសប្តាហ៍ក៏បាន ដែលដំណើរកំសាន្តរបៀបការផ្សងព្រេងនេះវាពិតជាបានផ្តល់ពេលវេលាយ៉ាងពិសេស សំរាប់ការកំសាន្តសប្បាយនឹងសំរស់ធម្មជាតិពិតៗ។ នៅទីនោះអ្នកទេសចរអាចជិះរទេះគោ ក្របី ដំរី ដែលផ្តល់សេវាដោយជនជាតិភាគតិចព្នង ហើយការជួលរទេះ ឬដំរី និងអ្នកបរដំរី (ហ្មដំរី) មានតំលៃប្រហែលពី១៥ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយថ្ងៃ ៕(ចប់ដោយបរិបូរណ៍)
view of Ratanakiri province
2:09 AM
specialshowtoday
Posted in
view of Ratanakiri province
Subscribe to:
Post Comments (Atom)
No Response to "view of Ratanakiri province"
Post a Comment